ពិតណាស់ មិនថាតែមហាជនអ្នកគាំទ្រ ឬ មិត្តក្រៅ និង ក្នុងរង្វង់សិល្បៈនោះទេ សុទ្ធតែបានដឹងមកហើយពីភាពហាយសូររបស់តារាស្រី គង់ ចាន់ស្រីមុំ ដោយនាងមានជីវិតរស់នៅយ៉ាងសម្បូរបែប មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិថីសិល្បៈ ហើយក៏មានមុខជំនួញកាន់ពេញដៃយ៉ាងជោគជ័យទៀតផង។
ទន្ទឹមគ្នានោះ ទាំងអាជីពសិល្បៈ និង របររកស៊ីកាក់កប គង់ ចាន់ស្រីមុំ តែងតែបង្ហាញនូវជីវិតយ៉ាងមានសុភមង្គល ក្នុងការចាយវាយលុយកាក់យ៉ាងហ៊ឹកហាក់ ដូចជាការប្រើប្រាស់ សម្ភារនិយម ការតែងខ្លួនហាយសូរ ក៏ដូចជាទិញឡាន ទិញផ្ទះវីឡាជាបន្តបន្ទាប់។
ម្យ៉ាងវិញទៀត គេកត់សម្គាល់ឃើញថាមួយរយៈធំចុងក្រោយនេះ តារាស្រី គង់ ចាន់ស្រីមុំ និង គ្រួសារ តែងដើរបង្ហាញជីវិតអភិជនដើរកម្សាន្តនៅក្រៅប្រទេស និង ចាយលុយទិញរបស់ម៉ាក់ល្បីៗគរដូចភ្នំ។ លើសពីនេះ មិនត្រឹមតែចាយលុយដើរកម្សាន្តនៅក្រៅប្រទេសនោះទេ ថែមទាំងទិញរបស់ទ្រព្យចូលផ្ទះបន្តកន្ទុយគ្នាទាំងផ្ទះថ្មី ទាំងរថយន្តទំនើបៗមួយហើយមួយទៀត។
ជាក់ស្ដែង ថ្មីៗនេះ តារាស្រីហាយសូររូបនេះ កាន់តែធ្វើឱ្យមហាជនដែលតាមដានជីវិតឯកជនរបស់អ្នកនាង និង គ្រួសារហាក់កាន់តែចាប់អារម្មណ៍ទៀត ខណៈបានឃើញអ្នកនាងទើបតែជះលុយទិញរថយន្តស៊េរីទំនើបពណ៌លឿងយ៉ាងថ្មីសន្លាងមួយគ្រឿងបន្ថែមទៀត ចតតម្រៀបគ្នាជាមួយរថយន្តរបស់អ្នកនាង និង ស្វាមីពណ៌លឿងទំនើបៗផ្សេងទៀត បង្ហាញជីវិតកាន់តែអភិជនខ្លាំងឡើងពីមួយថ្ងៃទៅមួយ។ ក្នុងនោះ អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបរាប់ភ្ជាប់ជាមួយរូបភាពស្វាគមន៍រថយន្តថ្មីនេះថា ៖ «ធ្វើម៉េចបើគេស្រឡាញ់លឿងតាមប្តី seyha_kem»៕ ប្រភព៖ ប្រជាប្រិយ