ថ្មីៗនេះរឿងរ៉ាវរំជួលចិត្តមួយត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម ក្រោយមានករណីគ្រួសារក្រីក្រ ម្តាយស្លាប់បន្សល់ទុកកូន ៣ នាក់ឱ្យកំព្រា ដែលធ្វើឱ្យមហាជនឃើញហើយស្រណោះ និងអាណិតជាខ្លាំង។
យោងតាមប្រភពគណនី ពូ ម៉ូតូឌុប ដែលបានបង្ហោះជាសាររៀបរាប់ថា ៖ «បន្ទប់ជួលជាប់គ្នា! មកពីរៀនវិញមកប្រាប់ម្ដាយខ្ញុំថា យាយៗម៉ែខ្ញុំស្លាប់បាត់ហើយ ដួលក្នុងបន្ទប់ទឹក ហើយមានបងប្អូន ៣ នាក់ កំពុងរៀននៅអង្គការ»។
តាមប្រភពដដែលបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅម្ដុំកន្លែងចាក់សំរាមចាស់ ភូមិដំណាក់ធំ ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គ្រួសារអ្នកស្លាប់មានសមាជិក ៤ នាក់ ស្ត្រីជាម្ដាយមេម៉ាយ គ្មានប្ដី មានកូន ៣ នាក់ក្នុងបន្ទុក ហើយគ្រួសារក្រីក្រ ដោយរស់នៅបន្ទប់ជួល តែបានអង្គការជួយចេញថ្លៃបន្ទប់មួយខែ ៥០ ដុល្លារ ហើយក្មេងៗយកបាយពីអង្គការមកហូបដើម្បីរស់រានមានជីវិត។
ក្រោយឃើញហេតុការណ៍នេះ មហាជនជាច្រើនក៏បានចែករំលែកក្ដីអាណិត និង ចូលរួមសោកស្ដាយ ដោយសង្ឃឹមថាក្មេងៗកំព្រាទាំង ៣ នឹងមានសប្បុរសជន ឬ អង្គការសប្បុរសធម៌ណាយកទៅចិញ្ចឹមទំនុកបម្រុងមើលថែបន្ទាប់ពីបាត់បង់ម្ដាយ៕ ប្រភព៖ ប្រជាប្រិយ