កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ គណនីផេក «lilichhun» ជាវិចិត្រករពូកែថ្វីដៃមួយរូប បានបង្ហោះវីដេអូ ដែលខ្លួនបានគូររូបកំពូលតារារ៉េប វណ្ណដា ចូលទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ និង នាំគ្នាចែករំលែកព្រោងព្រាត។
ដោយក្នុងវីដេអូមួយនោះ លោក lilichhun បានគូររូប វណ្ណដា កំឡុងពេលដែលតារារ៉េបរូបនេះសម្ដែងលើឆាក ក្នុងកម្មវិធីបិទកីឡាជាតិលើកទី ៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។ មិនតែប៉ុណ្ណោះ វិចិត្រករវ័យក្មេងរូបនេះ បានភ្ជាប់ជាមួយនឹង Caption ថា៖ «សង្ឃឹមថាបង វណ្ណដា នឹងឃើញរូបនេះ»។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ព្រមទាំងម្ចាស់គំនូរនោះគឺ រយៈពេល ២ ថ្ងៃបន្ទាប់ពីវីដេអូមួយនេះ បានបង្ហោះចេញជាសាធារណៈហើយ កំពូលតារារ៉េបប្រចាំប្រទេស វណ្ណដា បានចូលទៅឆ្លើយតប (Comment) នៅក្នុងវីដេអូនោះយ៉ាងគួរឱ្យស្រឡាញ់តែម្ដង។
ជាមួយគ្នានោះ លោក វណ្ណដា បានឆ្លើយតបថា៖ «ខ្ញុំស្រឡាញ់រូបនេះ អរគុណ» ព្រមទាំងភ្ជាប់ជាមួយនឹងកូនរូបភាព Emoji បេះដូង ពោរពេញដោយក្ដីស្រឡាញ់ផងដែរ។