ការចំណាយពេលវេលាហាត់ប្រាណពេលព្រឹក គឺជារឿងមួយសំខាន់ណាស់ដែលមិនគួររំលងបាន ព្រោះថាអាចផ្ដល់អត្ថប្រយោជន៍ដល់ទៅ ៤យ៉ាងក្នុងពេលតែមួយ មិនថា តែសុខភាព ទម្លាប់ល្អ ពេលវេលា និង ស្មារតីរស់នៅប្រចាំថ្ងៃ។ អត្ថប្រយោជន៍ទាំង ៤មានដូចខាងក្រោម៖
១.គ្មានការរំខាន៖ ការហាត់ប្រាណពេលព្រឹកព្រលឹម អាចន្លោះពីម៉ោង ៤ ទៅ ៦ព្រឹក មិនថារយៈពេលតិចឬច្រើននឹងមិនធ្វើឲ្យយើងមានការំខានខ្លាំងដូចជាពេលរសៀល ឬយប់នោះទេ។ ការធ្វើលំហាត់ប្រាណក្នុងអំឡុងពេលនោះ ទោះបីអ្នកចូលចិត្ដហាត់ប្រាណនៅទីសាធារណៈ សួនច្បារមាត់ទន្លេ ក៏មិនសូវមានមនុស្សច្រើន មមាញឹក និងរំខាននោះឡើយ។ យើងអាចហាត់ប្រាណ ដោយការជិះកង់ ការដើរ ការត់ ឬសកម្មភាពរាងកាយផ្សេងទៀត ដោយរីករាយជាមួយថ្ងៃថ្មី អាកាសធាតុក៏មិនក្ដៅនោះដែរ។ ម្យ៉ាងវិញទៀត ការជ្រើសរើសពេលវេលាហាត់ប្រាណពេលព្រឹក គឺអាចធ្វើឲ្យយើងឆ្លៀតពេលបានល្អ ដោយមិនប៉ះពាល់ដល់កិច្ចការងារផ្សេងៗនោះទេ។
២.សុខភាពរាងកាយ៖ ការហាត់ប្រាណពេលព្រឹកជាក់ស្ដែងណាស់ថា មានអត្ថប្រយោជន៍ខ្លាំងណាស់ទៅដល់សុខភាពរាងកាយ។ រាងកាយក្រោយពេលសម្រាក៦ទៅ ៨ម៉ោងនឹងចាប់ផ្ដើមដំណើការ ព្រមគ្នា សរសៃរឈាមចាប់ផ្ដើមធ្វើការឋិតថេរសព្វរាងកាយ ក្នុងចំណុចនេះក៏ជំនួយទៅដល់ដំណើរការមេតាប៉ូលីស ក្នុងរាងកាយ។ បើយោងតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Avigdor Arad នៅមន្ទីពេទ្យ Mount Sinai Hospital សហរដ្ឋអាមេរិកបានឲ្យដឹងថា បើគិតទៅលើការធ្វើមេតាប៉ូលីស កន្លងមកធ្លាប់មានការលើកឡើងថា ញ៉ាំទឹកពេលព្រឹក១កែវអាចជួយដល់ដំណើរការមេតាប៉ូលីស នោះគឺមិនទាន់គ្រប់គ្រាន់ទេ តែបើបានហាត់ប្រាណទៀតទើបកាន់តែប្រសើរ។ មេតាប៉ូលីសគឺជាដំណើរការបំបែក ពពួកប្រូតេអ៊ីន ខ្លាញ់ ស្ករ កាបូននីដ្រាត ដើម្បីបង្កើតថាមពលចិញ្ចឹមរាងកាយ។ ដូច្នេះដំណើរការមេតាប៉ូលីសល្អ នោះសុខភាពក៏កាន់តែល្អផងដែរ។
៣.ពង្រឹងសា្មរតី៖ ការហាត់ប្រាណពេលព្រឹកនឹងធ្វើឲ្យអារម្មណ៍យើងស្រស់សា្រយ លើសពីការំពឹងទុក ពីព្រោះថាការបែកញើសពេលព្រឹកព្រលឹមនឹងជួយបង្កើនទៅអ័រម៉ូន endorphins serotonin និង dopamine។ អ័រម៉ូនទាំងបីប្រភេទនេះមានតួនាទីសំខាន់ណាស់សម្រាប់ខួរក្បាល និងប្រព័ន្ធប្រសាទមិនអាចខ្វះបាន។ ការហាត់ប្រាណពេលព្រឹកជាមួយអារម្មណ៍ស្រស់ស្រាយ បរិយាកាស ត្រជាក់ ពិតជាផ្ដល់អត្ថប្រយោជន៍ដល់ស្មារតី។ មិនត្រឹមតែប៉ុណ្ណោះក៏អាចជួយឲ្យយើងបង្កើតទម្លាប់ល្អក្រោកពីព្រឹកផងដែរ។
៤. សុខភាពដំណេក
ក្នុងចំណុចនេះស្ដាប់ទៅហាក់ដូចជាប្លែកបន្ដិចដែលហាត់ប្រាណពេលព្រឹកបែជាជួយដល់ការគេងពេលយប់ទៅវិញ។ ប្រាកដណាស់ថា ការហាត់ប្រាណពេលព្រឹកពិតជាអាចរួមចំណែកសម្រួលដល់សុខភាពដំណេកពេលយប់បាន ព្រោះថាការហាត់ប្រាណពេលព្រឹក ចន្លោះម៉ោង ៤ទៅ ៦ព្រឹក គឺជាពេលវេលាវដ្ដនៃដំណើរការគេងរបស់យើង ដែលបានបែងចែកជាពីរ ពេលយប់នឹងពេលថ្ងៃ។ ពេលយប់ យើងចាប់រាប់ពេលវេលាត្រូវគេងពីម៉ោង ៩ឬម៉ោង១០ ហើយភ្ញាក់វិញចន្លោះពីម៉ោង៤ទៅ៥ព្រឹក ស្មើនឹង ៧ទៅ ៨ម៉ោង។
ការហាត់ប្រាណពេលព្រឹកដែលជំនួយដល់ការគេងគឺប្រភេទហាត់ប្រាណបែប aerobic កម្រិតមធ្យម គឺជាការហាត់ប្រាណដែលធ្វើការពត់ដងខ្លួន កាយវិការច្រើន សម្រួលដល់សរសៃឈាម និងសាច់ដុំបានល្អ ជាពិសេសផ្នែកសរសៃឈាមខួរក្បាល។ ការជ្រើសរើសវិធីសាស្ដ្រហាត់ប្រាណពេលព្រឹកជាប្រចាំយ៉ាងហោចឲ្យបាន ៣០នាទី ទៅ ១ម៉ោងក៏ជាវិធីសាស្ដ្រដែលវេជ្ជបណ្ឌិតផ្នែកសុខភាពដំណេកណែនាំដល់អ្នកជំងឺ។