រឿងរ៉ាវដ៏គួរឱ្យហួសចិត្ត និង មិនធ្លាប់បានប្រទះមួយកើតមានឡើងលើស្ត្រីម្នាក់ នាក្រុង Gurugram ប្រទេសឥណ្ឌា ដែលរូបនាង បានធ្វើការចាក់សោផ្ទះបង្ខាំងខ្លួនឯង និង កូនប្រុសរបស់នាង អស់រយៈពេលដល់ទៅ ៣ ឆ្នាំ ព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩។ យ៉ាងណាមិញ ថ្មីៗកន្លងទៅនេះ ស្ត្រីរូបនោះ និង កូនប្រុសវ័យ ១០ ឆ្នាំ ត្រូវបានក្រុមប៉ូលិស និង មន្ត្រីផ្នែកសុខាភិបាល បានបំបុកចូលផ្ទះ បង្ខំឱ្យនាង និង កូន ចេញមកក្រៅមានសេរីភាពធម្មតាដូចគេដូចឯងវិញ។
បើតាមការចេញផ្សាយពីសារព័ត៌មាន TOI បានបញ្ជាក់ថា ស្ត្រីរូបនោះ កើតមានការភ័យខ្លាចខ្លាំងខ្លាចឆ្លងកូវីដ-១៩ ដែលធ្វើឱ្យរូបនាងបង្ខាំងខ្លួនឯង និង កូនប្រុសទុកក្នុងផ្ទះ និង ថែមទាំងមិនឱ្យប្ដីរបស់នាងចូលផ្ទះទៀតផង។ ប្ដីរបស់នាង ជាវិស្វករ ចេញធ្វើការនៅក្រៅ អំឡុងពេលប្រទេសបិទខ្ទប់ក្នុងឆ្នាំ ២០២០។ ដោយប្រពន្ធមិនឱ្យចូលផ្ទះ បុរសជាប្ដី អត់ជម្រើស ទើបត្រូវជួលផ្ទះក្បែរនោះស្នាក់នៅវិញ។
ជីវិតរបស់បុរសជាប្ដី ត្រូវរស់នៅឆ្ងាយពីប្រពន្ធបែបនេះរហូតដល់ ៣ ឆ្នាំ ដោយលោកអាចជួបប្រពន្ធកូន បានត្រឹមតាមវីដេអូខលប៉ុណ្ណោះ ព្រោះមិនថាលោកលួងលោមប្រពន្ធយ៉ាងណា នាងនៅតែខ្លាចមិនព្រមចេញពីផ្ទះដដែល។
អស់ជម្រើស បុរសជាប្ដីក៏បានទាក់ទងទៅខាងអាជ្ញាធរឱ្យជួយ។ ពេលចុះមកដល់ទីតាំង មន្ត្រីអាជ្ញាធរបានធ្វើការនិយាយលួងលោមដើម្បីឱ្យនាងព្រមបើកទ្វារ ចេញមករស់នៅជីវិតដូចមនុស្សទូទៅធម្មតាវិញ តែនៅតែមិនជោគជ័យ។ ជម្រើសចុងក្រោយ ខាងអាជ្ញាធរ ក៏សម្រេចចិត្តបំបុកទម្លុះចូលផ្ទះ ទៅសង្គ្រោះពួកគេ រួចក៏បញ្ជូនទៅមន្ទីរពេទ្យ។ ក្រោយទទួលការព្យាបាល ក្រុមគ្រូពេទ្យ បានលើកឡើងថា ស្ត្រីរូបនោះអាចមានជំងឺថប់អារម្មណ៍ ទើបធ្វើឱ្យមានមានចរិតផ្លាស់ប្ដូរ អំឡុងពេល និង ក្រោយកូវីដនេះ៕ ប្រភព៖ ប្រជាប្រិយ