យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា អភិបាលខេត្តតាកែវ បញ្ជាឱ្យស្នងការខេត្តបង្ក្រាបឱ្យខានតែបាន លើក្រុមក្មេងទំនើង ចោរលួច ចោរឆក់ ដែលកំពុងកើតមានឡើងនៅតាមមូលដ្ឋាន។ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក អភិបាលក្រុងស្រុក និងអធិការនគរបាលក្រុងស្រុក និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ បានជម្រុញឱ្យ ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមគ្នា ពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប លើការងារសន្តិសុខសណ្តាប់ធ្នាប់ ជាផ្នែកមួយដ៏មានសារសំខាន់ ក្នុងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេស គឺត្រូវបង្ក្រាបឱ្យខានតែបានចំពោះក្រុមក្មេងទំនើង ចោរលួច ចោរឆក់ គ្រឿងញៀន ដែលកំពុងកើតមានឡើងនៅតាមមូលដ្ឋាន។
ដូច្នេះដើម្បីទប់ស្កាត់លើបញ្ហាប្រឈមនេះបាន សូមលោកស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្រុក និងក្រុង ត្រូវធ្វើការសហការណ៍គ្នាអោយបានល្អ លើកផែនការយុទ្ធសាស្ត្រថ្មី តាមដាន និងកំណត់មុខសញ្ញាជនសង្ស័យ និងមុខសញ្ញាអ្នកចំណូលថ្មីនៅតាមមូលដ្ឋាន ដែលទើបតែមកស្នាក់នៅ ក្នុងទឹកដីនៃខេត្តតាកែវរបស់យើង ជាពិសេសត្រូវបង្កើនការត្រួតពិនិត្យ គោលដៅតាមដងផ្លូវនានាលើការឆែកឆេរកអាវុធជាតិផ្ទុះ កាំបិត ដាវ ត្រូវមានការដឹកនាំផ្ទាល់ដោយអាជ្ញាធរស្រុក និងក្រុង ធ្វើការសហការណ៍គ្នាអនុវត្តន៍លើការងារនេះ៕ ប្រភព៖ KhmerNote