កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ជប៉ុនបានប្រទះឃើញគ្រាប់បាល់ដែកមួយ មានទំហំធំខ្លាំងមិនធ្លាប់ប្រទះ អណ្តែតមកទើរលើឆ្នេរខ្សាច់ បង្កឱ្យមានភាពភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គម។
តាមព័ត៌មានបានឱ្យដឹងថា ដុំបាល់ចម្លែកនោះ មានទទឹងប្រវែង ១.៥ ម៉ែត្រ ត្រូវបានគេប្រទះឃើញនាឆ្នេរសមុទ្រ Enshu នាទីក្រុង Hamamats ខេត្ត Shizuoka ដែលក្រោយឃើញភ្លាម គេបានផ្តល់ដំណឹងទៅខាងអាជ្ញាធរមកចុះអន្តរាគមន៍មិនចាំយូរឡើយ។
អាជ្ញាធរបានចុះមកដល់ បានធ្វើការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន ព្រមចាត់មិនឱ្យប្រជាជនចូលទៅជិតឡើយក្នុងចម្ងាយ ២០០ ម៉ែត្រ។ យ៉ាងណាមិញ ក្រោយពីធ្វើការត្រួតពិនិត្យហើយ ខាងអាជ្ញាធរបានសន្និដ្ឋានថា គ្រាប់បាល់មួយនោះ ប្រហែលជាត្រូវបក់បោកឡើងមកពីសមុទ្រ វាអាចត្រូវគេប្រើសម្រាប់បំបុកអ្វីម្យ៉ាង ហើយវាមិនមានគ្រោះថ្នាក់នោះទេ ព្រោះនៅខាងក្នុងនោះមិនមានអ្វីឡើយ។
ដោយឡែក នេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ នៅមិនទាន់ដឹងច្បាស់ថា គ្រាប់បាល់មួយនេះ គឺជាអ្វីឱ្យប្រាកដនោះទេ។ យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយក៏កើតការងឿងឆ្ងល់មិនចាញ់គ្នានោះដែរ ម្យ៉ាងថ្មីៗនេះ តែងតែមានវត្ថុចម្លែកលេចឡើងមិនដាច់ នៅតាមប្រទេសផ្សេងៗ ក៏រឹតតែធ្វើឱ្យគេឆ្ងល់ថែមទៀត៕ ប្រភព៖ ប្រជាប្រិយ