ព្រឹកមិញនេះ ភពចំនួន ៥ អមដោយព្រះចន្ទរះមួយចំណិត បានបង្ហាញខ្លួនយ៉ាងច្បាស់នៅលើមេឃ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News បានឱ្យដឹងថា ភពក្នុងប្រព័ន្ធព្រះអាទិត្យចំនួន៥ ដូចជា៖ ភពពុធ, សុក្រ, អង្គារ, ព្រហស្បតិ៍ និងសៅរ៍ បានរះបណ្ដាក់គ្នាយ៉ាងច្បាស់នៅព្រឹក​ព្រលឹមថ្ងៃសុក្រនេះ ហើយវាគឺបាតុភូតដ៏កម្រមួយផងដែរ នៅក្នុងរយៈពេលជិត ២០ឆ្នាំ កន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០០៤ មកម្ល៉េះ។ ការពិតទៅភពទាំង ៥ ចាប់ផ្ដើមបង្ហាញខ្លួននៅអំឡុងថ្ងៃទី០៣ និង ០៤ កាលពីដើមខែនេះម្ដងដែរ ប៉ុន្តែវាមិនអាចឃើញបានច្បាស់ដូចលើកនេះទេ ទាល់តែប្រើកែវយឹត។ ចំណែកការរះតម្រៀបគ្នាក៏មានរយៈពេលខ្លី គឺត្រឹមតែ ៣០នាទី ប៉ុណ្ណោះ នៅមុនពេលដែលភពពុធ ត្រូវលឹបបាត់ទៅវិញ។

សម្រាប់នៅថ្ងៃទី២៤ ខែមិថុនានេះវិញ ភពទាំង ៥ អាចមើលឃើញបានយ៉ាងច្បាស់ បើទោះបីជាចម្ងាយរវាងភពពុធ និងភពសៅរ៍ បានកើនឡើងក៏ដោយ ដូច្នេះវាកាន់តែងាយស្រួលជាងមុនក្នុងការមើលឃើញភពទាំង ៥ ក្នុងពេលតែមួយ នេះបើតាមលោកស្រី Diana Hannikainen និពន្ធនាយកនៃ Sky & Telescope បានប្រាប់ CBS News តាមរយៈអ៉ីមែល។ លោកស្រី Hannikainen បាននិយាយថា ផ្ទៃមេឃនៅព្រឹកថ្ងៃទី២៤ កាន់តែអស្ចារ្យថែមទៀត នៅពេលដែលព្រះច័ន្ទ (ត្រឹមតែមួយចំណិត) ក៏នឹងរះនៅចន្លោះភពសុក្រ និងអង្គារ៍ផងដែរ។ Sky & Telescope បាននិយាយថា ពេលវេលាដ៏ល្អបំផុតដើម្បីមើលការរះតម្រៀបគ្នា គឺនៅថ្ងៃទី២៤ ខែមិថុនា នេះផ្ទាល់ នៅរយៈពេល ៤៥ នាទី មុនពេលថ្ងៃរះ។

យោងតាមអង្គការ NASA បានឱ្យដឹងថា បាតុភូតតារាសាស្ត្រមួយទៀតនឹងអាចមើលឃើញនៅខែមិថុនាផងដែរ នោះគឺចង្កោមផ្កាយរាងមូល M13 ដែលជាបណ្តុំផ្កាយរាងស្វ៊ែរដែលប្រមូលផ្តុំយ៉ាងក្រាស់។ អង្គការ NASA បាននិយាយថា M13 ឬហៅថា Hercules Cluster គឺជាបណ្ដុំផ្កាយរាប់ពាន់ ដែលមានអាយុកាលប្រហែល ១២ ពាន់លានឆ្នាំ ដែលស្ទើរតែមានអាយុស្មើនឹងចក្កវាឡទាំងមូល៕ ប្រភព៖ Khmer Press

Leave a Reply

Your email address will not be published. Required fields are marked *