ថ្មីៗនេះ មានពិធីថ្វាយគ្រូមួយយ៉ាងចម្លែក កើតឡើងនៅក្នុងប្រទេសថៃ បានកំពុងតែធ្វើផ្ទុះការភ្ញាក់ផ្អើលរិះគន់ពេញបណ្តាញសង្គម ព្រោះមានសុទ្ធតែការហូបសាច់ជ្រូកឆៅស្រស់ៗយ៉ាងមិនរអើម។
ពិធីមួយនេះ ត្រូវបានគេប្រព្រឹត្តទៅតាំងពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ នាខេត្តត្រាំង ប្រទេសថៃ តែវីដេអូដែលគេថតបាន ទើបតែផ្ទុះការចាប់អារម្មណ៍ថ្មីៗនេះឯង។ ពិធីមួយនេះ ត្រូវបានគេហៅជាភាសាថៃថា ជាពិធីមនោរាហ៍គ្រូ ដែលជាពិធីប្រពៃណីរបស់អ្នកស្រុកភាគខាងត្បូងរបស់ប្រទេសថៃ ធ្វើតកូនតចៅមកច្រើនជំនាន់មកហើយ។
ពិធីនេះដែរ ត្រូវធ្វើឡើងរយៈពេល ៥ , ៧ ឬ ៩ ឆ្នាំម្តង ទៅតាមទម្លាប់របស់គ្រួសារនីមួយៗ និង ការសន្យាជាមួយបុព្វបុរស ហើយប្រសិនបើមិនបានធ្វើតាមទម្លាប់នោះទេ គេជឿថា នឹងមានសមាជិកក្រុមគ្រួសារណាម្នាក់ ធ្លាក់ខ្លួនឈឺមិនខាន។
ដោយឡែក បើក្រឡេកមកមើលសកម្មភាព នៅក្នុងវីដេអូមួយនេះវិញ គេឃើញថា មានបុរសម្នាក់ជាអ្នកស្នងរូប បានរត់ទៅហូបសាច់ជ្រូកឆៅស្រស់ៗ ដោយកាយវិការយ៉ាងគួរឱ្យខ្លាច ព្រោះជឿថា វិញ្ញាណដែលកំពុងសណ្ឋិតនៅក្នុងខ្លួននោះ ជាវិញ្ញាណរបស់បុព្វបុរស ដែលពិសាសាច់ឆៅ។ យ៉ាងណាមិញ បើទោះនេះជាប្រពៃណីទំនៀមទម្លាប់ក៏ដោយ ក៏នៅតែមានមហាជនជាច្រើន បានរិះគន់ខ្លាំងៗផងដែរ ជាពិសេសទៅលើការហូបសាច់ឆៅ ដែលមើលទៅវាមិនសម ហើយក៏មិនល្អសម្រាប់សុខភាពទៀតផង៕