នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំទៅ ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌ១ ដែលជាពិធីបុណ្យប្រពៃណីខ្មែរយើង តារាចម្រៀងហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹករួមគ្រួសារស្វាមី និងកូនប្រុសបណ្ដូលចិត្ត រំលេចទៅដោយទេសភាពស្រុកស្រែយ៉ាងស្រស់បំព្រង ឃើញហើយគួរទីគយគន់ និងនឹករលឹកដល់ស្រុកស្រែចម្ការ។
ក្នុងដៃមានយួរស្រាក់ និងអន្សមនំនែករណេងរណោងផងនោះ គ្រួសារតូចមួយនេះបង្ហាញទឹកមុខស្នាមញញឹមពោរពេញទៅដោយក្ដីសុខ សុភមង្គល ជ្រះថ្លា ខណៈទៅធ្វើបុណ្យរួមគ្នា ហើយអ្វីដែលប្លែកនោះអ្នកទាំងពីបានឆ្លុះបញ្ចាំងអោយឃើញនូវយាន្តជំនិះនាសម័យបុរាណកាល ដោយការប្រើរទេះគោ។
ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកនោះ តារាចម្រៀងលំដាប់ជួរមុខក្នុងផលិតកម្មធំរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានសរសេររៀបរាប់យ៉ាងដូច្នេះថា «បិណ្ឌទី១ជាមួយទេសភាពស្រុកភូមិដ៏ស្រស់ស្អាត រីករាយថ្ងៃដាក់បិណ្ឌ ទីតាំងនៅភូមិ តាំងបឹង ឃុំផ្អាវ បាធាយ កំពង់ចាម»៕ អត្ថបទ៖ Fan-Dara