ថ្មីៗនេះ មហាជនក្នុងបណ្ដាញសង្គមទាំងក្នុង TikTok និង ហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញវីដេអូបង្ហោះចូលក្នុង TikTok ពីសកម្មភាពអ្នកសង្គ្រោះព្យាយាមយកពស់ថ្លាន់ ៣ ក្បាលធំៗចេញពីពិតានផ្ទះមួយនៅក្នុងប្រទេសម៉ាឡេស៊ី។
តាមការឱ្យដឹងពីសារព័ត៌មានបរទេស បានឱ្យដឹងថាម្ចាស់ផ្ទះនោះជាជនជាតិម៉ាឡេស៊ី បានជូនដំណឹងទៅកាន់អាជ្ញាធរថា ពួកគេតែងឮសំឡេងប្លែកៗនៅខាងលើផ្ទះរំខានពួកគេគេងជារឿយៗ ទើបធ្វើឱ្យពួកគេសម្រេចចិត្តហៅអ្នកជួយសង្គ្រោះមកមើល។
គ្រាន់តែខាងអ្នកជួយសង្គ្រោះបានទៅដល់ យកឧបករណ៍ទៅឆ្កឹះប៉ះៗពិតានបន្ដិច ភ្លាមៗនោះក៏ស្រាប់តែឃើញសត្វពស់ ៣ ក្បាលយ៉ាងធំធ្លាក់មកចេញពីពិតាន ធ្វើឱ្យអ្នកដែលនៅក្បែរៗនោះភ័យលស់ព្រលឹងមិនស្ទើរ៕