ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលចិន បានរាយការណ៍នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះថា ការរអិលបាក់ដីថ្មីមួយ បានផ្ដល់ការលំបាកដល់ប្រតិបត្តិការជួយសង្គ្រោះមនុស្សចំនួន ៥៣ នាក់ ដែលបានបាត់ខ្លួនក្នុងឧបទ្ទវហេតុរលំបាក់អណ្ដូងរ៉ែមួយកន្លែងក្នុងតំបន់ម៉ុងហ្គោលលី នៃប្រទេសចិន ។
ជាក់ស្ដែង ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ បានបណ្ដាលឱ្យមនុស្សចំនួន ២ នាក់បានស្លាប់ ៦ នាក់រងរបួស ខណៈ ៥៣ នាក់ទៀតបានបាត់ខ្លួន។ អណ្តូងរ៉ែដែលបានបាក់រលំនោះដែរ ស្ថិតនៅក្នុងសម្ព័ន្ធ Alxa ដំណើរការដោយក្រុមហ៊ុន Xinjing Coal Mining Co. ដែលបានផ្អាកការរុករកកាលពីល្ងាចថ្ងៃកើតហេតុ ព្រោះតែមានការរអិលបាក់ដីកើតឡើងមួយករណីបន្ថែមទៀតនៅទីតាំងដដែល ហើយនៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈនេះ ទើបមានការរុករកអ្នកបាត់ខ្លួនបន្តទៀត។ លោក Xi Jinping ប្រធានាធិបតីនៃប្រទេសចិន ក៏បានលើកឡើងពាក់ព័ន្ធនឹងហេតុការណ៍ដ៏រន្ធត់នេះដែរថា៖ «យើងត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយសង្គ្រោះអ្នកបាត់ខ្លួន និង ព្យាបាលអ្នកដែលរបួស»។
គួរបញ្ជាក់ដែរថា ធ្យូងថ្ម គឺជាប្រភពថាមពលដ៏សំខាន់មួយក្នុងប្រទេសចិន ប៉ុន្តែអណ្តូងរ៉ែរបស់វាក៏ជាកន្លែងមានអ្នកស្លាប់ច្រើនបំផុតក្នុងពិភពលោក ដោយភាគច្រើនស្លាប់ព្រោះតែការអនុវត្តស្ដង់ដារសុវត្ថិភាពមិនបានត្រឹមត្រូវ បើទោះបីជាមានការបញ្ជាពីរដ្ឋាភិបាលម្តងហើយម្តងទៀត ពីការកែលម្អសុវត្ថិភាពក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះក៏ដោយ។ ដោយឡែក តំបន់ម៉ុងហ្គោលី ដែលជាកន្លែងកើតមានឧបទ្ទវហេតុនោះ ក៏ត្រូវបានគេដឹងដែរថាជា តំបន់ផលិតធ្យូងថ្មដ៏សំខាន់បំផុតរបស់ចិន។ ប្រភព៖ ប្រជាប្រិយ