សំឡេងធុងបាសអាចជាការកម្សាន្ដសម្រាប់មនុស្សមួយចំនួន តែវាក៏អាចក្លាយជាការរំខានសម្រាប់មនុស្សមួយចំនួនដូចគ្នាផងដែរ។ ថ្មីៗនេះ លោកយាយវ័យ ៧៧ ឆ្នាំម្នាក់ បានយំប្រាប់អ្នកកាសែត ក្រោយទទួលបានការរំខាន់ពីអ្នកជិតខាង ហើយប្រាប់ក៏គ្មានការយោគយល់។
លោកយាយវ័យ ៧៧ ឆ្នាំ ដែលត្រូវបានគេស្គាល់ឈ្មោះថា Fai បានរៀបរាប់ថា ៖ «ខ្លួនមានជំងឺ Ischemic Stroke ជាជំងឺទាក់ទងនឹងខួរក្បាល ហើយខ្លួនមិនមានលទ្ធភាពសម្រាកព្យាបាលនៅពេទ្យ ក៏មកសម្រាក និង លេបថ្នាំនៅផ្ទះ ប៉ុន្ដែលោកយាយមិនដែលបានសម្រាកគ្រប់គ្រាន់នោះឡើយ ព្រោះតែអ្នកជិតខាងបើកធុងបាសខ្លាំងៗតាំងពីព្រឹករហូតដល់ល្ងាចជារៀងរាល់ថ្ងៃ»។
លោកយាយបានរាយការណ៍ទៅមន្ត្រីមូលដ្ឋាន និង បានទៅប្រាប់ម្ចាស់ផ្ទះបើកធុងបាសនោះដែរ ប៉ុន្ដែមិនបានផលនោះឡើយ ដោយម្ចាស់ផ្ទះនោះបានតបថាពួកគេបើកធុងបាសតែពេលថ្ងៃតែប៉ុណ្ណោះ មិនបានបើកពេលយប់នោះឡើយ ហើយមិនមានច្បាប់ដែលហាមឃាត់មិនឱ្យចាក់ធុងបាសពេលថ្ងៃទេ ហើយពួកគេក៏មិនបានយកលុយអ្នកណាមកបង់ថ្លៃភ្លើងនោះដែរ។ ក្រោយឮចម្លើយបែបនេះអ្នកជិតខាងផ្សេងទៀតក៏បានត្រឹមអាណិតលោកយាយ ដែលបានត្រឹមសំងំហើយពោលថា ៖ «គាត់នឹងត្រូវឮភ្លេងរហូតដល់ថ្ងៃស្លាប់ហើយមើលទៅ»៕ ប្រភព៖ ប្រជាប្រិយ