យោងតាមការចុះផ្សាយារបសបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញានេះបានឲ្យដឹងថា អាជ្ញាធរនៃប្រទេសប៉ាគីស្ថានបានសម្រេចចិត្តកាត់ផ្តាច់ផ្លូវ Highway ដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសដើម្បីរំដោះទឹកកុំឲ្យជន់លេចចូលក្នុងសហគមន៍របស់ប្រជាពលរដ្ឋ។ ផ្លូវ Highway ដែលត្រូវបានគេកាត់ផ្តាច់ទាំងបង្ខំចិត្តនេះគឺផ្លូវ Highway Dadu ហើយបើតាមក្រុមអ្នកជំនាញបានអះអាងថា ការសម្រេចបំផ្លាញកំណាត់ផ្លូវដ៏សំខាន់នេះនឹងជួយរំដោះទឹកមិនឲ្យជន់លេចចូលក្នុងទីក្រុង Dadu បាននោះទេ។
ប្រភពខាងលើបានបញ្ជាក់ថា ផ្លូវ Highway Dadu គឺជាចរន្តដឹកជញ្ជូនដ៏សំខាន់បំផុតចំពោះខេត្ត-ក្រុង និងតំបន់ដ៏មានសក្តានុពលជាច្រើននៅភាគត្បូងប្រទេសប៉ាគីស្ថាន តែយ៉ាងណាក្តីនៅចំពោះមុខស្ថានភាពបន្ទាន់នេះគឺគេបានថ្លឹងថ្លែងឃើញថា ការរក្សាសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋនៅក្នុងក្រុង Dadu គឺមានទំហំធំធេងជាងការរក្សាទុកផ្លូវ Highway Dadu។
គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានបានឆក់យកជីវិតពលរដ្ឋប្រមាណជា ១,៤០០នាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើនកន្លែង បង្កផលប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃនិងការប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋប្រមាណជា ៣៣លាននាក់ ខណៈរដ្ឋាភិបាលត្រូវខាតបង់ប្រាក់អស់ប្រមាណជា ៣០ពាន់លានដុល្លារអាមេរិក៕ ប្រភព៖ Khmernote